Culture
ធនាគារ អាយប៊ែង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អមនឹងការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីពង្រឹងសាមគ្គីភាព និងចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ

រាជធានីភ្នំពេញ - ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុននេះ ធនាគារ អាយប៊ែង បានរៀបចំកម្មវិធីសង្ក្រានឆ្នាំថ្មី ក្នុងគោលបំណង លើកកម្ពស់តម្លៃវប្បធម៌តាមរយៈការលេងល្បែងប្រជាប្រិយខ្មែរ ដែលជាមរតកដ៏វិសេសវិសាល ក្នុងការ «ពង្រឹងសាមគ្គីភាព និងចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ» ឱ្យកាន់តែរឹងមាំ និងមានភាពស្និទស្នាល។
ល្បែងប្រជាប្រិយខ្មែរដូចជា ចោលឈូង លាក់កន្សែង និងបោះអង្គញ់ ពុំត្រឹមតែជាការកម្សាន្តដែលបន្សល់ទុកពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបណ្តុះស្មារតីសាមគ្គីភាព ការជឿជាក់គ្នា និងការរួមកម្លាំងគ្នាជាធ្លុងមួយ រវាងក្រុមការងារ ក៏ដូចជាសហគមន៍ទាំងមូល។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី «ស្មារតីជាក្រុម» ដែលជាគ្រឹះនាំទៅរកភាពជោគជ័យ និង «ភាពជាខ្មែរ» ដែលជាអត្តសញ្ញាណជាតិមិនអាចខ្វះបាន សម្រាប់សង្គមកម្ពុជា ហើយអត្តសញ្ញាណនៃភាពរឹងមាំ សាមគ្ដីភាពនេះហើយ ដែលធនាគារ អាយប៊ែង តែងតែប្រកាន់ភ្ជាប់មកជានិច្ច។
ទន្ទឹមនឹងការលេងល្បែងប្រជាប្រិយខ្មែរ ខាងលើនេះ កម្មវិធីជួបជុំបុគ្គលិករបស់ធនាគារ អាយប៊ែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏មានរៀបចំមុខម្ហូបរបស់ខ្មែរ រួមមាន នំបញ្ចុក នំអន្សម ទឹកកកឈូស និងបង្អែមខ្មែរជាច្រើនមុខទៀត ដែលមុខម្ហូបទាំងនេះ សុទ្ធសឹងតែជាអត្តសញ្ញាណរបស់ខ្មែរ តាំងបុរាណកាលមក។
តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ អាយប៊ែង មានបំណងចង់បង្ហាញពី ភាពរីកចម្រើននៃបច្ចេកវិទ្យា ត្រូវតែដើរទន្ទឹមនឹងការរក្សាគុណតម្លៃនៃវប្បធម៌ជាតិ។ ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរ នេះក៏បានបង្ហាញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តរបស់ធនាគារ អាយប៊ែង ក្នុងការគាំទ្ររាល់បទពិសោធន៍ ដែលបានបង្កប់នូវអត្ថន័យជ្រាលជ្រៅដល់ប្រទេសជាតិ និងការរក្សានូវអត្តសញ្ញាណជាតិឱ្យស្ថិតស្ថេរគង់វង្ស។
លោកបណ្ឌិត ហុង សុខឡេង អគ្គនាយក ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពេលវេលាដ៏វិសេសវិសាល សម្រាប់ការពង្រឹងសាមគ្គីភាព និងចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ។ នៅធនាគារ អាយប៊ែង យើងជឿជាក់ថា ភាពរីកចម្រើនពិតប្រាកដ កើតចេញពីការចូលរួមចំណែករវាងការច្នៃប្រឌិតថ្មី និងការរក្សាអត្តសញ្ញាណដើមរបស់យើង។ តាមរយៈការលើកកម្ពស់ទំនៀមទម្លាប់ទាំងនេះ យើងកំពុងពង្រឹងស្មារតីរួមគ្នា ដើម្បីកសាងអនាគតឌីជីថលមួយ ប្រកបដោយចីរភាព និងតំណាងឱ្យមោទនភាពជាតិកម្ពុជាទាំងមូល។”
ក្នុងនាមជាគ្រឹះស្ថានធនាគារឌីជីថលឈានមុខមួយ ធនាគារ អាយប៊ែង នៅតែបន្តភាពរីកចម្រើនយ៉ាងស្វាហាប់ មាំមួន ជាមួយសហគមន៍ ដោយរួមបញ្ចូលគ្នានូវនវានុវត្តន៍ទំនើប និងឫសគល់នៃវប្បធម៌ខ្មែរ យ៉ាងល្អឥតខ្ចោះ។ ធនាគារ អាយប៊ែង មានចក្ខុវិស័យឆ្ពោះទៅកាន់អនាគតមួយ ដែលបច្ចេកវិទ្យាឌីជីថល បម្រើដល់តម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងនិរន្តរភាព។
ជាចុងក្រោយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ធនាគារ អាយប៊ែង សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋកម្ពុជា ក្រុមការងារ អតិថិជន និងភាគទុនិកទាំងអស់ សូមទទួលបាននូវសេចក្តីសុខចម្រើន វិបុលសុខមហាប្រសើរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច កុំបីអាក់ខានឡើយ។

អំពីធនាគារ អាយប៊ែង (ខេមបូឌា) ម.ក
ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ជាធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា និងបានចាប់ផ្តើមប្រតិបត្តិការតាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ ធនាគារត្រូវបានដឹកនាំដោយគុណតម្លៃស្នូល "i" ចំនួន ៥ រួមមាន ការយល់ដឹង, នវានុវត្តន៍, ស្តង់ដាអន្តរជាតិ, បរិយាបន្ន និងសេវាបុគ្គល។
ធនាគារ អាយប៊ែង ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប សម្រាប់បុគ្គល និងអាជីវកម្មរួមមាន គណនីសន្សំ និងគណនីប្រាក់បញ្ញើមានកាលកំណត់, ដំណោះស្រាយហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម ព្រមទាំងសេវាកម្មទូទាត់ប្រាក់ តាមរយៈបណ្ណ Mastercard ផងដែរ។ រាល់សេវាកម្មទាំងអស់ត្រូវបានផ្តល់ជូនយ៉ាងងាយស្រួល តាមរយៈប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏មានសុវត្ថិភាព នៃកម្មវិធីទូរសព្ទ iBank KH អមដោយបណ្តាញសាខាយុទ្ធសាស្ត្រចំនួន ៦ រួមមាន ទីស្នាក់កាលកណ្ដាល (មហាវិថីព្រះនរោត្តម) សាខាចំការមន សាខាដូនពេញ សាខាទួលគោក សាខាពោធិ៍សែនជ័យ និងសាខាខេត្តព្រះសីហនុ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://ibank.com.kh/
ពីសារព័ត៌មាន The Khmer Today


