International
អាមេរិកនឹងបន្តបទឈប់បាញ់ដោយគ្មានកំណត់ ប៉ុន្តែមិនទាន់ច្បាស់ថាអ៊ីរ៉ង់យល់ព្រមឬយ៉ាងណា?

វ៉ាស៊ីនតោន— ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោកនឹងបន្តបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ដោយគ្មានកំណត់ ដើម្បីទុកពេលឱ្យមានកិច្ចចរចាសន្តិភាពបន្ថែមទៀត ទោះបីជាវាមិនទាន់ច្បាស់នៅឡើយទេកាលពីថ្ងៃពុធថា តើអ៊ីរ៉ង់ ឬអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងសង្រ្គាមរយៈពេលពីរខែនេះ នឹងយល់ព្រមតាមដែរឬអត់។
លោក ត្រាំ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គមថា សហរដ្ឋអាមេរិកបានយល់ព្រមតាមសំណើរបស់អ្នកសម្របសម្រួលប៉ាកីស្ថាន «ដើម្បីផ្អាកការវាយប្រហាររបស់យើងលើប្រទេសអ៊ីរ៉ង់ រហូតដល់ថ្នាក់ដឹកនាំ និងតំណាងរបស់ពួកគេអាចដាក់ចេញនូវសំណើរួមមួយ... ហើយកិច្ចពិភាក្សាត្រូវបានបញ្ចប់ ទោះតាមលទ្ធផលណាក៏ដោយ»។
មេដឹកនាំប៉ាកីស្ថានបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការរង្គោះរង្គើ។ ប៉ុន្តែ ទោះបីជាលោកបានប្រកាសពីអ្វីដែលមើលទៅដូចជាការបន្តបទឈប់បាញ់ឯកតោភាគីក៏ដោយ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកនឹងបន្តការបិទខ្ទប់ (Blockade) ផ្លូវពាណិជ្ជកម្មតាមសមុទ្ររបស់អ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិក ដែលសកម្មភាពនេះត្រូវបានអ៊ីរ៉ង់ចាត់ទុកថាជាអំពើសង្រ្គាម។
មិនទាន់មានការឆ្លើយតបណាមួយពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំពោះការប្រកាសរបស់លោក ត្រាំ នៅឡើយទេ ប៉ុន្តែប្រតិកម្មដំបូងមួយចំនួនពីទីក្រុងតេអេរ៉ង់បានបង្ហាញថា ពួកគេមានមន្ទិលសង្ស័យលើសម្តីរបស់លោក ត្រាំ។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បាននិយាយថា អ៊ីរ៉ង់មិនបានស្នើសុំឱ្យមានការបន្តបទឈប់បាញ់នោះទេ ហើយបានព្រមានសារជាថ្មីថានឹងប្រើកម្លាំងបំបែកការបិទខ្ទប់របស់អាមេរិក។
វោហារសាស្ត្រក្នុងគ្រាសង្រ្គាមរបស់លោក ត្រាំ តែងតែមានភាពផ្ទុយគ្នាខ្លាំង។ កាលពីពីរសប្តាហ៍មុន លោកបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរថា «អារ្យធម៌ទាំងមូលនឹងស្លាប់នៅយប់នេះ» ប៉ុន្តែពេលខ្លះទៀត លោកហាក់ដូចជាចង់បញ្ចប់អំពើហឹង្សា និងភាពមិនច្បាស់លាស់នៃទីផ្សារ។ ជាមួយនឹងការប្រកាសនេះ លោក ត្រាំ បានដកថយវិញនៅនាទីចុងក្រោយពីការគំរាមបាញ់គ្រាប់បែកលើរោងចក្រអគ្គិសនី និងស្ពាននានារបស់អ៊ីរ៉ង់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែរ៉េស និងអ្នកផ្សេងទៀតបានថ្កោលទោសការគំរាមកំហែងទាំងនោះ ដោយកត់សម្គាល់ថាច្បាប់មនុស្សធម៌អន្តរជាតិហាមឃាត់ការវាយប្រហារដែលគោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្ដើមសង្រ្គាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការទម្លាក់គ្រាប់បែកតាមអាកាសលើអ៊ីរ៉ង់។ ជម្លោះនេះបានរីករាលដាលយ៉ាងឆាប់រហ័សដល់បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រដែលធ្វើជាម្ចាស់ផ្ទះនៃមូលដ្ឋានយោធាអាមេរិក និងទៅដល់ប្រទេសលីបង់ នៅពេលដែលក្រុមហេសបូឡា (Hezbollah) ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់បានចូលរួមក្នុងសង្រ្គាម។
រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ៣,០០០ នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ និងរាប់សែននាក់ផ្សេងទៀតត្រូវភៀសខ្លួន ជាពិសេសនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់។ សង្រ្គាមបានបណ្តាលឱ្យមានការបិទច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតរបស់ពិភពលោក ដែលធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កឱ្យមានការភ័យខ្លាចថា សេដ្ឋកិច្ចពិភពលោកអាចនឹងឈានចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច (Recession)។
លោក ត្រាំ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា លោកមានបំណងចង់បន្តបទឈប់បាញ់នេះ ដោយសារតែ «រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានការបែកបាក់គ្នាយ៉ាងខ្លាំង» ដែលនេះជាការសំដៅទៅលើការធ្វើឃាតមេដឹកនាំសំខាន់ៗមួយចំនួនរបស់អ៊ីរ៉ង់ដោយអាមេរិក និងអ៊ីស្រាអែល ក្នុងសប្តាហ៍ដំបូងនៃសង្រ្គាម រួមទាំងអតីតមេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ដែលបច្ចុប្បន្នត្រូវបានបន្តតំណែងដោយកូនប្រុសរបស់លោក។
ប៉ុន្មានម៉ោងមុនការប្រកាសនេះ លោក ត្រាំ បានប្រាប់ប៉ុស្តិ៍ព័ត៌មាន CNBC ថា លោកមិនចង់បន្តបទឈប់បាញ់បណ្តោះអាសន្ននេះទេ ហើយយោធាអាមេរិកកំពុង «ត្រៀមខ្លួនជាស្រេចដើម្បីវាយលុក»។
អ៊ីរ៉ង់បានថ្កោលទោសកងទ័ពជើងទឹកអាមេរិកចំពោះការស្ទាក់ចាប់ និងរឹបអូសនាវាពាណិជ្ជកម្មអ៊ីរ៉ង់ចំនួនពីរនៅកណ្តាលសមុទ្រថាជា «ចោរកម្មសមុទ្រ និងជាភេរវកម្មរដ្ឋ»។ ចំណែកឯសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត បានថ្កោលទោសអ៊ីរ៉ង់ចំពោះការរារាំងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស។
កិច្ចពិភាក្សាជុំដំបូងកាលពី ១០ ថ្ងៃមុន មិនបានសម្រេចកិច្ចព្រមព្រៀងអ្វីឡើយ ដោយការផ្តោតសំខាន់គឺទៅលើស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់របស់អ៊ីរ៉ង់។ លោក ត្រាំ ចង់យកអ៊ុយរ៉ានីញ៉ូមចេញពីអ៊ីរ៉ង់ ដើម្បីការពារកុំឱ្យប្រទេសនេះអាចផលិតអាវុធនុយក្លេអ៊ែរបាន ខណៈដែលអ៊ីរ៉ង់អះអាងថា ខ្លួនមានត្រឹមតែកម្មវិធីនុយក្លេអ៊ែរស៊ីវិលសម្រាប់សន្តិភាពតែប៉ុណ្ណោះ៕
ប្រភព៖ https://www.reuters.com/world/asia-pacific/us-will-indefinitely-extend-ceasefire-unclear-if-iran-agrees-2026-04-22/