International
កងទ័ពកាណាដាមានគោលបំណងបង្ហាញថា ខ្លួនអាចឈរជើងការពារតំបន់អាក់ទិក (Arctic) ដោយខ្លួនឯងបាន

ទីក្រុង CAMBRIDGE BAY ប្រទេសកាណាដា — ក្នុងរយៈពេលបីខែកន្លងមកនេះ ទាហានកាណាដាបានធ្វើការល្បាតដោយប្រើម៉ូតូជិះលើទឹកកក ក្នុងចម្ងាយផ្លូវជាង ៥,០០០ គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់បំផុតនៅតំបន់អាក់ទិក។ ពួកគេបានធ្វើដំណើរពីតំបន់ Inuvik ទៅកាន់ទីក្រុង Churchill ដោយស៊ូទ្រាំនឹងខ្យល់ព្យុះទឹកកក និងសីតុណ្ហភាពចុះត្រជាក់ដល់ដក ៦០ អង្សាសេ នៅក្នុងការធ្វើសមយុទ្ធយោធាដែលរៀបចំឡើងដើម្បីត្រៀមទប់ទល់នឹងការគំរាមកំហែងពីបរទេស និងដើម្បីបង្ហាញថា កាណាដាមានសមត្ថភាពអាចថែរក្សាការពារខ្លួនឯងបាន។
វា គឺជាមហិច្ឆតាដ៏ធំមួយ។ បរិយាកាសនយោបាយបានផ្លាស់ប្តូរ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងដដែលៗក្នុងការធ្វើឱ្យកាណាដាក្លាយជារដ្ឋរបស់អាមេរិក ការគ្រប់គ្រងលើកោះហ្គ្រីនលែន (Greenland) និងការដកខ្លួនចេញពីអង្គការណាតូ (NATO)។ ប៉ុន្តែការពិតដ៏លំបាកនៃការប្រតិបត្តិការនៅក្នុងតំបន់ភាគខាងជើងដែលកកជានិច្ចរបស់កាណាដា គឺមិនមានអ្វីប្រែប្រួលឡើយ។
លោក Travis Hanes មេបញ្ជាការនៃក្រុមល្បាតទី១ របស់កាណាដា បានប្រាប់រ៉យទ័រថា៖ «មានជនជាតិកាណាដានៅទីនេះ ដើម្បីការពារប្រទេសគ្រប់ពេលវេលា។ ពួកគេកំពុងពង្រីកសមត្ថភាពរបស់ពួកគេ នៅលើភូមិសាស្ត្រ និងអាកាសធាតុដែលពិបាករស់នៅបំផុត ដែលអ្នកអាចស្រមៃបាន»។
សម្រាប់លោក Hanes និងសមាជិកក្រុមល្បាតជាច្រើនទៀត គំនិតដែលថាអំណាចបរទេសណាមួយអាចមកប្រជែងយកអធិបតេយ្យភាពរបស់កាណាដា នៅក្នុងតំបន់ដែលមានទំហំប្រហែល ៤០% នៃទ្វីបអឺរ៉ុប គឺជាឿងដែលមិនអាចទៅរួច។ លោកបាននិយាយថា៖ «យើងគឺជាម្ចាស់ដី ហើយវាមិនងាយស្រួលទេដែលនរណាម្នាក់គិតថាអាចដណ្តើមយកវាទៅបាននោះ»។
កាណាដា និងសហរដ្ឋអាមេរិក ដែលជាសមាជិកអង្គការណាតូ បានធ្វើការជាមួយគ្នាអស់ជាច្រើនទសវត្សរ៍មកហើយនៅក្នុងតំបន់អាក់ទិក។ ពួកគេបានបង្កើតអង្គការ NORAD (បញ្ជាការដ្ឋានការពារដែនអាកាសអាមេរិកខាងជើង) ជាផ្លូវការក្នុងឆ្នាំ ១៩៥៨ ព្រោះគ្មានប្រទេសណាមួយអាចឆ្លើយតបដោយឯករាជ្យចំពោះការគំរាមកំហែងពីសហភាពសូវៀតបានឡើយ។
ទោះជាយ៉ាងណា ការលើកឡើងរបស់លោក ត្រាំ អំពីការធ្វើឱ្យកាណាដាក្លាយជារដ្ឋទី ៥១ និងភាពតានតឹងកាន់តែខ្លាំងជាមួយណាតូ បានធ្វើឱ្យជនជាតិកាណាដាគិតគូរឡើងវិញអំពីការពឹងផ្អែកលើអ្នកជិតខាងភាគខាងត្បូងរបស់ខ្លួន។ នាយករដ្ឋមន្ត្រី Mark Carney បានសន្យាថានឹងធានាថា កាណាដាអាចការពារតំបន់អាក់ទិកបានដោយមិនចាំបាច់មានជំនួយពីខាងក្រៅ។ លោកបានបង្ហាញផែនការថ្មីមួយកាលពីខែមុន ដោយលម្អិតអំពីការចំណាយថវិកា ៣៥ ពាន់លានដុល្លារកាណាដា ដើម្បីពង្រឹងយោធារបស់ខ្លួននៅតំបន់ភាគខាងជើង។
នៅក្នុងសមយុទ្ធដែលមានរយៈពេលរាប់ខែនេះ សមាជិកកងកម្លាំងប្រដាប់អាវុធកាណាដាប្រមាណ ១,៣០០ នាក់ បានធ្វើការល្បាតដោយប្រើស្គី (skis) ហ្វឹកហាត់ចុះចតយន្តហោះលើមហាសមុទ្រអាក់ទិកដែលកក និងដឹកជញ្ជូនកាំភ្លើងធំទៅកាន់ចំណុចភាគខាងជើងបំផុត។ នេះគឺជាចំនួនកងទ័ពច្រើនបំផុតដែលបានចូលរួម ចាប់តាំងពីសមយុទ្ធនេះបានចាប់ផ្តើមក្នុងឆ្នាំ ២០០៧។
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បានប្រាប់រ៉យទ័រថា រដ្ឋាភិបាលកំពុងធ្វើសកម្មភាពឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីធានាថា កាណាដាអាចទទួលខុសត្រូវពេញលេញលើការការពារតំបន់អាក់ទិករបស់ខ្លួន។ លោកស្រីបានបន្ថែមថា៖ «ការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះកាណាដា គឺបានមកពីការកើនឡើងនៃហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីដែលកាន់តែខិតមកជិតតំបន់អាក់ទិក»។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានលើកឡើងថា ទាំងសហរដ្ឋអាមេរិក និងកាណាដា សុទ្ធតែមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យតំបន់អាក់ទិកដ៏ធំល្វឹងល្វើយរបស់កាណាដាតែម្នាក់ឯងនោះទេ ដែលតំបន់នោះមានផ្ទៃដីប្រហែល ៤ លានគីឡូម៉ែត្រការ៉េ និងមានកោះជាង ៣៦,០០០ កោះ។
លោកឧត្តមសេនីយ៍ទោ Daniel Riviere មេបញ្ជាការកងកម្លាំងរួមភាគខាងជើង បាននិយាយថា សមយុទ្ធឆ្នាំនេះបានបង្ហាញថា យោធាមានសមត្ថភាពផ្លាស់ទីអាវុធ និងឧបករណ៍ឯកទេសដែលចាំបាច់ក្នុងករណីមានការវាយប្រហារលើដីគោក ទោះបីជាករណីនេះទំនងជាមិនកើតឡើងក៏ដោយ។ លោកបានបញ្ជាក់ថា៖ «យើងត្រូវតែត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុត»។
កាណាដាមានវត្តមាននៅក្នុងដែនទឹកអាក់ទិកច្រើនជាងអាមេរិក តាមរយៈកងនាវាកប៉ាល់បំបែកទឹកកក (icebreakers) ដែលធំជាងគេលំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីរុស្ស៊ី។ ប៉ុន្តែនៅក្នុងវិស័យផ្សេងទៀត កាណាដានៅមានកម្រិតនៅឡើយ ជាពិសេសប្រព័ន្ធរ៉ាដាព្រមានភាគខាងជើង (North Warning System) ចំនួន ៤៧ កន្លែង ដែលត្រូវបានគេចាត់ទុកថា កំពុងមានភាពហួសសម័យ និងមានសមត្ថភាពមានកម្រិតក្នុងការទប់ទល់នឹងការគំរាមកំហែងទំនើបៗ។
លោក Troy Bouffard អតីតទីប្រឹក្សាតំបន់អាក់ទិករបស់សហរដ្ឋអាមេរិក បាននិយាយថា «កាណាដា និងសហរដ្ឋអាមេរិកត្រូវការគ្នាទៅវិញទៅមក ព្រោះមានចន្លោះប្រហោងជាច្រើននៅភាគខាងជើង»។ វ៉ាស៊ីនតោនពឹងផ្អែកលើកាណាដាសម្រាប់ព័ត៌មានសម្ងាត់អំពីការគំរាមកំហែងដែលអាចកើតមាន ហើយតំបន់យុទ្ធសាស្ត្រនេះក៏ដើរតួជា «តំបន់ទ្រនាប់» រវាងសហរដ្ឋអាមេរិក និងគូសត្រូវដូចជា រុស្ស៊ី ចិន និងអ៊ីរ៉ង់។
ទោះបីជាមានសេចក្តីថ្លែងការណ៍ដ៏ក្ដៅគគុកពីលោក ត្រាំ ក៏ដោយ ក៏ទំនាក់ទំនងការងាររវាងកាណាដា និងសហរដ្ឋអាមេរិកនៅតំបន់ភាគខាងជើងបំផុត នៅតែមិនមានការផ្លាស់ប្តូរជាដុំកំភួនឡើយ។ ការគំរាមកំហែងពិតប្រាកដគឺបានមកពី សង្គ្រាមកូនកាត់របស់រុស្ស៊ី និងកិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំងរវាងរុស្ស៊ី និងចិន ដែលជាបញ្ហាធំជាងបញ្ហាទំនាក់ទំនងរវាងកាណាដា និងអាមេរិកទៅទៀត៕
ប្រភព៖ https://www.reuters.com/world/americas/canadian-military-aims-show-it-can-go-it-alone-arctic-2026-04-21/
រាយការណ៍ដោយ៖ The Khmer Today