Environment
ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក រៀបចំកម្មវិធី "អាយប៊ែង ដើម្បីសហគមន៍បៃតងនៅកម្ពុជា" នៅក្នុងសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត ក្នុងគោលបំណង គាំទ្រជីវភាពរស់នៅរបស់ប្រជាជន និងការពារបរិស្ថាន

[ខេត្តកំពត, ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦] — ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ដែលជាគ្រឹះស្ថានធនាគារឌីជីថលឈានមុខមួយ បានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការថែរក្សាបរិស្ថាន និងទំនួលខុសត្រូវក្នុងសង្គម (CSR) តាមរយៈការរៀបចំកម្មវិធី «អាយប៊ែង ដើម្បីសហគមន៍បៃតងនៅកម្ពុជា»។ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ អាយប៊ែង ទាំងអស់ បានរួមគ្នាដាំកូនកោងកាងដោយផ្ទាល់ដៃ នៅសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត ដើម្បីរួមចំណែកស្ដារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ។

[ខេត្តកំពត, ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦] — ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ដែលជាគ្រឹះស្ថានធនាគារឌីជីថលឈានមុខមួយ បានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការថែរក្សាបរិស្ថាន និងទំនួលខុសត្រូវក្នុងសង្គម (CSR) តាមរយៈការរៀបចំកម្មវិធី «អាយប៊ែង ដើម្បីសហគមន៍បៃតងនៅកម្ពុជា»។ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ អាយប៊ែង ទាំងអស់ បានរួមគ្នាដាំកូនកោងកាងដោយផ្ទាល់ដៃ នៅសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត ដើម្បីរួមចំណែកស្ដារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ។
លោកបណ្ឌិត ហុង សុខឡេង អគ្គនាយក នៃធនាគារ អាយប៊ែង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ «នៅធនាគារ អាយប៊ែង យើងជឿជាក់យ៉ាងមុតមាំថា ទំនួលខុសត្រូវរបស់យើងគឺលើសពីការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន។ ការបង្កើតកម្មវិធី "អាយប៊ែង ដើម្បីសហគមន៍បៃតងនៅកម្ពុជា" នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ក្នុងការគាំទ្រដល់សហគមន៍ និងការការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។ តាមរយៈការចូលរួមក្នុងសកម្មភាពដូចជា ការចម្អិន និងពិសាអាហារសាមគ្គីជុំគ្នា រួមទាំងការដាំដើមកោងកាងជាដើម យើងមិនត្រឹមតែបានរួមចំណែកអភិរក្សប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតចំណងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន ការរក្សាគុណតម្លៃនៃការធ្វើការងារជាក្រុម ក៏ដូចជាការលើកទឹកចិត្តឱ្យបុគ្គលិកចូលរួមក្នុងសកម្មភាពកិច្ចការសង្គមឱ្យបានកាន់តែច្រើនថែមទៀតផងដែរ។
ក្រៅពីសកម្មភាពដាំដើមឈើ ក្រុមការងារ ធនាគារ អាយប៊ែង ក៏បានពង្រឹងចំណងមិត្តភាព និងភាពស្និទ្ធស្នាលតាមរយៈការស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការចម្អិន និងពិសាអាហាររួមគ្នាជាមួយបងប្អូនសហគមន៍ បានក្លាយជាការសន្ទនាយ៉ាងស្និទ្ធស្នាល ដែលអាចឱ្យបុគ្គលិកគ្រប់លំដាប់ថ្នាក់បានយល់ដឹងកាន់តែច្បាស់អំពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែង។ នេះឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់ធនាគារ ដែលផ្តោតលើ “សុខុមាលភាពសង្គម” ជាចម្បង។
ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក សូមអំពាវនាវដល់សាធារណជន និងស្ថាប័ននានា ឱ្យចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន តាមរយៈសកម្មភាពតូចៗប្រចាំថ្ងៃ ដើម្បីធានាថាសម្រស់ធម្មជាតិ និងធនធានដ៏មានតម្លៃនៃព្រះរាជាណាចក្រកម្ពុជា នឹងនៅតែបន្តរីកចម្រើន និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិយូរអង្វែង។
អំពី ធនាគារ IBANK (CAMBODIA) PLC.
ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ជាធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា និងបានចាប់ផ្តើមប្រតិបត្តិការតាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ ធនាគារត្រូវបានដឹកនាំដោយគុណតម្លៃស្នូល "i" ចំនួន ៥ រួមមាន ការយល់ដឹង, នវានុវត្តន៍, ស្តង់ដាអន្តរជាតិ, បរិយាបន្ន និងសេវាបុគ្គល។
ធនាគារ អាយប៊ែង ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប សម្រាប់បុគ្គល និងអាជីវកម្មរួមមាន គណនីសន្សំ និងគណនីប្រាក់បញ្ញើមានកាលកំណត់, ដំណោះស្រាយហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម ព្រមទាំងសេវាកម្មទូទាត់ប្រាក់ តាមរយៈបណ្ណ Mastercard ផងដែរ។ រាល់សេវាកម្មទាំងអស់ត្រូវបានផ្តល់ជូនយ៉ាងងាយស្រួល តាមរយៈប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏មានសុវត្ថិភាព នៃកម្មវិធីទូរសព្ទ iBank KH អមដោយបណ្តាញសាខាយុទ្ធសាស្ត្រចំនួន ៦ រួមមាន ទីស្នាក់កាលកណ្ដាល (មហាវិថីព្រះនរោត្តម) សាខាចំការមន សាខាដូនពេញ សាខាទួលគោក សាខាពោធិ៍សែនជ័យ និងសាខាខេត្តព្រះសីហនុ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://ibank.com.kh


