International
អាមេរិក-ចិន ឯកភាពគ្នាឱ្យបើកច្រកសមុទ្រ Hormuz ខណៈចិនបញ្ជាក់ជំហរថាខ្លួនមិនផ្ដល់ជំនួយយោធាដល់អ៊ីរ៉ង់

អាមេរិក-ចិន ឯកភាពគ្នាឱ្យបើកច្រកសមុទ្រ Hormuz ខណៈចិនបញ្ជាក់ជំហរថាខ្លួនមិនផ្ដល់ជំនួយយោធាដល់អ៊ីរ៉ង់
[ប៉េកាំង] — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សាលើបញ្ហាច្រកសមុទ្រ Hormuz និងសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខណៈដែលការចរចាដើម្បីបញ្ចប់ជម្លោះ និងការបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញនៅតែបន្តជាប់គាំង។
យោងតាមសេចក្តីថ្លែងការណ៍ពីសេតវិមាន លោក ត្រាំ និងលោក ស៊ីជីនពីង បានបញ្ចប់ជំនួបកាលពីថ្ងៃព្រហស្បតិ៍ក្នុងលទ្ធផល «ល្អ» ដោយមេដឹកនាំទាំងពីរបានឯកភាពគ្នាថា ច្រកសមុទ្រ Hormuz «ត្រូវតែបន្តបើកចំហ ដើម្បីគាំទ្រដល់លំហូរថាមពលដោយសេរី»។
ជាមួយគ្នានេះ លោក ស៊ី ជិនពីង ក៏បានបញ្ជាក់ច្បាស់ពីជំហររបស់ចិនក្នុងការ «ប្រឆាំងនឹងការធ្វើសឹកកម្ម (Militarization) នៅច្រកសមុទ្រនេះ និងរាល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយណាដែលចង់ទារកម្រៃ (Toll) សម្រាប់ការប្រើប្រាស់ផ្លូវទឹកនេះ»។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានផ្តល់បទសម្ភាសន៍ដោយជឿជាក់ថា ទីក្រុងប៉េកាំងនឹង «ធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន» ដើម្បីបើកផ្លូវទឹកនេះឡើងវិញ ព្រោះវាជាផលប្រយោជន៍ដ៏ធំធេងរបស់ចិន។
ចាប់តាំងពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះឡើងនៅចុងខែកុម្ភៈមក ទីក្រុងតេហេរ៉ង់បានសម្រេចបិទច្រកសមុទ្រស្ទើរតែទាំងស្រុង ដែលបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពលសកល និងធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ត្រាំ បានអះអាងថា លោក ស៊ី ជីនពីងបានប្រាប់លោកថា ចិននឹងមិនផ្តល់សម្ភារៈយោធាដល់អ៊ីរ៉ង់ឡើយ។ លោក ត្រាំ បានបញ្ជាក់ថា៖ «គាត់ (លោក ស៊ីជីនពីង) បាននិយាយថា គាត់នឹងមិនផ្តល់គ្រឿងបរិក្ខារយោធាទេ។ នេះគឺជាសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយ»។
យ៉ាងណាមិញ ខាងក្រសួងការបរទេសចិន មិនទាន់បានឆ្លើយតបភ្លាមៗចំពោះការអះអាងរបស់លោក ត្រាំ ឡើយ ដោយសេចក្តីរាយការណ៍ផ្លូវការរបស់ចិនមិនបានលើកឡើងអំពីបញ្ហាអ៊ីរ៉ង់ ឬច្រកសមុទ្រ Hormuz នោះទេ។
ទោះបីជាមានការបិទច្រកក៏ដោយ ទិន្នន័យនាវាចរណ៍បានបង្ហាញថា នាវាដឹកប្រេងរបស់ចិនមួយគ្រឿងបានឆ្លងកាត់ច្រកសមុទ្រនេះកាលពីថ្ងៃពុធ។ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឱ្យដឹងថា មានកិច្ចព្រមព្រៀងអនុញ្ញាតឱ្យនាវាចិនមួយចំនួនឆ្លងកាត់ ហើយមាននាវាប្រហែល ៣០ គ្រឿងបានធ្វើដំណើរឆ្លងកាត់ចាប់តាំងពីល្ងាចថ្ងៃពុធមក។
ដោយឡែក សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានបង្វែរទិសដៅនាវាពាណិជ្ជកម្មចំនួន ៧០ គ្រឿង និងបានធ្វើឱ្យនាវា ៤ គ្រឿងទៀតមិនអាចដំណើរការបាន ដើម្បីអនុវត្តវិធានការបិទខ្ទប់របស់លោក ត្រាំ ចំពោះនាវាទាំងឡាយណាដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែអ៊ីរ៉ង់។
ស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ នៅពេលដែលមានសេចក្តីរាយការណ៍ថា នាវាដែលបោះយុថ្កានៅឆ្នេរសមុទ្រអេមីរ៉ាតអារ៉ាប់រួម (UAE) ត្រូវបានក្រុមបុគ្គលមិនស្គាល់អត្តសញ្ញាណរឹបអូស និងបញ្ជាឱ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់។
ទន្ទឹមនឹងនោះ នាវាដឹកទំនិញដោតទង់ជាតិឥណ្ឌាមួយគ្រឿង បានលិចនៅក្នុងដែនទឹកអូម៉ង់ កាលពីថ្ងៃពុធ បន្ទាប់ពីមានការឆាបឆេះ ដែលសង្ស័យថាបង្កឡើងដោយការវាយប្រហារពីដ្រូន ឬមីស៊ីល។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានសិទ្ធិរឹបអូសនាវាដឹកប្រេងណាដែលមានជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក។ ទីក្រុងតេហេរ៉ង់ក៏បានបង្កើតយន្តការថ្មីមួយហៅថា «អាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែរ្ស» (Persian Gulf Strait Authority) ដែលតម្រូវឱ្យនាវាទាំងអស់ដាក់ព័ត៌មានលម្អិត និងសុំការអនុញ្ញាតជាមុន។
ប្រសិនបើនាវាណាមួយត្រូវបានចាត់ទុកថាជា «សត្រូវ» វានឹងមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ឡើយ។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅឡើយ។ វ៉ាស៊ីនតោនចង់ឱ្យតេហេរ៉ង់ប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ទាំងអស់ ខណៈដែលតេហេរ៉ង់ទាមទារឱ្យមានការលើកលែងទណ្ឌកម្ម និងការទទួលស្គាល់អធិបតេយ្យភាពរបស់ខ្លួនលើច្រកសមុទ្រ Hormuz ទាំងស្រុង។
ប្រភព៖ https://www.aljazeera.com/news/2026/5/14/trump-xi-discuss-strait-of-hormuz-as-chinese-vessels-transit-key-waterway
រាយការណ៍ដោយ ៖ The Khmer Today

