National

May 18, 2026 at 10:15 AM
Melea_Sovannary

កម្ពុជានាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យព្រំដែន និងជំរុញថៃឱ្យរៀបចំកិច្ចប្រជុំ JBC

កម្ពុជានាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យព្រំដែន និងជំរុញថៃឱ្យរៀបចំកិច្ចប្រជុំ JBC

កម្ពុជានាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យព្រំដែន និងជំរុញថៃឱ្យរៀបចំកិច្ចប្រជុំ JBC

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មពីប្រទេសហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការចុះសង្កេតការណ៍នេះ ត្រូវបានសម្របសម្រួលដោយក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា ដើម្បីពិនិត្យលើស្ថានភាពព្រំដែន និងការអនុវត្តវិធានការនានា ដែលមានចែងក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការពារជាតិបានអះអាងថា តំបន់ភូមិសិលាខ្មែរ គឺជាទីតាំងដែលប្រជាពលរដ្ឋកម្ពុជាបានបង្កបង្កើនផល និងអាស្រ័យផលជាយូរមកហើយ ហើយកម្ពុជាបន្តគ្រប់គ្រងតំបន់នេះ ក្រោយបទឈប់បាញ់មានប្រសិទ្ធភាព។

ក្នុងសេចក្តីប្រកាសដដែល ភាគីកម្ពុជាបានបញ្ជាក់សាជាថ្មីនូវជំហរមិនងាករេថា ការងារវាស់វែង និងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែង គឺជាសមត្ថកិច្ចផ្តាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងក្រុមវាស់វែងចម្រុះ (JSTs) នៃប្រទេសទាំងពីរ។

កម្ពុជាក៏បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន មិនមានសមត្ថកិច្ចកំណត់ ឬចង្អុលបង្ហាញខ្សែព្រំដែនអន្តរជាតិនៅលើដីជាក់ស្តែងនោះទេ។

ជាមួយគ្នានេះ ភាគីកម្ពុជា បានប្រកាសមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលផ្ទុយពីអនុសញ្ញា និងសន្ធិសញ្ញាពាក់ព័ន្ធ រួមទាំង MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ព្រមទាំងមិនទទួលស្គាល់ការកែប្រែព្រំដែនដែលកើតឡើងពីការប្រើប្រាស់កម្លាំង ទាំងអតីតកាល បច្ចុប្បន្ន និងអនាគត។

កម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃ ឯកភាពចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះធ្វើការលើដីជាក់ស្តែង និងជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការ JBC រវាងភាគីទាំងពីរឱ្យបានឆាប់រហ័ស។

ក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា ដើម្បីជំរុញការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ៕

ប្រភព៖ ក្រសួងការពារជាតិ

រាយការណ៍ដោយ ៖ The Khmer Today

Images-Content-0227
Images-Content-0227
End image 1
End image 2
End image 3